ខេត្តបន្ទាយមានជ័យ៖ ទិវាដាំកូនឈើ ១៥២០០ដើម ក្នុងសហគមន៍ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ
ថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩
ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាពក្នុងទិវាដាំកូនឈើ ក្នុងសហគមន៍ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលប្រព្រឹត្តិទៅនៅក្នុង សាលាបឋមសិក្សារហាត់ទឹក។
ក្នុងពិធីនោះ ឯកឧត្តម អ៊ុំ រាត្រី មានប្រសាសន៍ថា ជួសមុខឱ្យរដ្ឋបាលខេត្ត ខ្ញុំសូមថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះអង្គការអភិវឌ្ឍន៍ សង្គម បរិស្ថាន និងកសិកម្ម ហៅកាត់អង្គការ ស៊ី.ដូ (SEADO)ដែលបានរៀបចំ ទិវាដាំកូនឈើនៅក្នុងពេលនេះ។
ទិវានេះពិតជាមានសារៈសំខាន់ណាស់ គឺដើម្បីបង្កើនធនធានធម្មជាតិ ឡើងវិញ ការពារធនធានធម្មជាតិចម្រុះ និងកាត់បន្ថយឥទ្ធិពល អវិជ្ជមាននៃការប្រែប្រួល អាកាសធាតុ ជាពិសេសនោះ គឺទុកជាសម្បិត្តជាតិ និងជាសម្បិត្តិសកល និងដើម្បីកែប្រែសោភ័ណ្ឌភាពសហគមន៍ ដើម្បីលើកស្ទួយមុខមាត់ខេត្តរបស់យើងផងដែរ។
ឯកឧត្តមបានបន្តទៀតថា ការថែរក្សាព្រៃឈើ និងការដាំដុះព្រៃឈើ គឺដើម្បីរក្សា បរិស្ថានបៃតងនៃធនធានធម្មជាតិ គុណភាពដី ជម្រកមនុស្ស សត្វ ដែលអាចឲ្យ យើងកាត់បន្ថយបាននូវភាពប្រឈមនឹងគ្រោះមហន្តរាយដោយគ្រោះរាំងស្ងួត បំរែបំរួលអាកាសធាតុ ភ្លើងឆេះព្រៃ ខ្យល់កន្ត្រាក់ ទឹកជំនន់ ដែលបណ្តាលមក ពីការបាត់បង់ព្រៃឈើ ហើយព្រៃឈើគឺជាប្រភពធនធម្មជាតិដ៏សំខាន់ សម្រាប់ប្រទេសជាតិ។