ខេត្តបន្ទាយមានជ័យ៖ កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្តីពីនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការអញ្ជេីញចូលរួមពី ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត លោក បឹង គឹមសឹង ប្រធានមន្ទីរសេដកិច្ច និងហិរញ្ញវត្ថុខេត្ត លោក យុត ស្វិនី ប្រធានរតនាគារខេត្ត តំណាងក្រសួង មន្ត្រីរាជការ រដ្ឋបាល ក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងលោក លោកស្រីស្មៀន ឃុំ-សង្កាត់ ជាច្រើនរូបទៀត។
នាឱកាសដ៏ថ្លៃថ្លានោះ ឯកឧត្តម អ៊ុំ រាត្រី មានប្រសាសន៍ថា កិច្ចប្រជុំផ្សព្វផ្សាយ នេះពិតជាមានសារៈសំខាន់ណាស់ តាមរយៈការផ្ដល់ជាគោលការណ៍ណែនាំថ្មីៗ ដែលជាមូលដ្ឋានសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ រៀបចំគម្រោងថវិការបស់ខ្លួន ប្រកបដោយប្រសិទ្ធិភាព ស័ក្ដិសិទ្ធភាព និងធានាការអនុវត្តថវិកាឈានទៅ បង្កើតលទ្ធផលជាក់ស្ដែង ដើម្បីរួមចំណែកដោយផ្ទាល់ក្នុងការសម្រេចគោល បំណងគោលនយោបាយអាទិភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
កិច្ចប្រជុំនេះរៀបចំដោយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត សហការជាមួយ រដ្ឋបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃសុក្រ ៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩។